Category Archives: តាខេ

របៀប​រឹត​ខ្សែ​តាខេ

Standard
  • មួលព្រលួតថយក្រោយ បន្ធូរ
  • មួលព្រលួតទៅមុខ បន្តឹង

របៀបរឹតខ្សែសំនៀងឧបករណ៍តាខេ គឺរឹតតម្រូវទៅតាមវង់ភ្លេង ។ ប៉ុន្តែនៅខណៈនេះយើងលើកយករបៀបរឹតតម្រូវវង់ភ្លេងមហោរីគឺ ៖

  • ខ្សែទី ១ (ខ្សែឯក) សម្លេងសុល G
  • ខ្សែទី ២ (ខ្សែគ) សម្លេងរ៉េ D
  •  ខ្សែទី ៣ (ខ្សែបន្ទរ សម្លេងសុល G ទាបជាងខ្សែឯក ១ តានអស្ដា (1 Octave)

គេរឹតខ្សែទី ១ ដោយធៀបជាមួយឧបករណ៍ដែលគេកំណត់សំនៀងមិនប្រែប្រួល ដូចជារនាតឯក ឬឧបករណ៍សម័យដូចជា ឃីបដ យ៉ាប៉ាស្យុង… ។

ពេលធៀបខ្សែឯកត្រឹមត្រូវហើយ គេធៀបខ្សែគដោយចុចខ្ទង់ទី ៣ នៃខ្សែគឲ្យឆ្លើយសំនៀងដូចខ្សែឯក បន្ទាប់មកទៀត រឹតខ្សែបន្ទរឲ្យឆ្លើយសម្លេងសំនៀង ដូចខ្សែឯកដោយទាបជាង ១ តានអស្ដា (1 Octave) ។

Advertisements

របៀប​ប្រើប្រាស់​តាខេ

Standard

ជំហរក្នុងការអង្គុយលេងតាខេ

  • ពេលលេង គេដាក់តាខេពីមុខ អ្នកលេងអង្គុយពីក្រោយ ដៃឆ្វេងចុចលើខ្សែជិតខ្ទង់ ដៃស្ដាំកាន់ក្រចកកេះ ។

ក្រចក និងរបៀបកាន់ក្រចក (ដៃស្ដាំ)

  • ក្រចករាងមូលទ្រវែងស៊ីឡាំងប្រវែងជិតមួយចង្អុលដៃដូចសសរស្រួចចុង
  • សម្រាប់អ្នកហាត់ថ្មី គេចងក្រចកនឹងចង្អុលដៃកាន់ឲ្យជាប់ ប្រើកដៃធ្វើចលនា កេះចូល និងកេះចេញ ។ កុំឲ្យកេះក្រចកចូលជ្រៅពេក ពីព្រោះវាធ្វើឲ្យទាក់រត់ក្រចកមិនលឿន សូមចាក់ក្រចកត្រឹមប្រហែល ០.៣៥ ស.ម ។

របៀបប្រើដៃឆ្វេង

  • គេប្រើតែម្រាម ៣ ទេ សម្រាប់ដេញតាខេគឺ

១. ម្រាមដៃនាង

២. ម្រាមដៃចង្អុលខ្មោច (កណ្ដាល)

៣. ម្រាមដៃចង្អុល (បន្ទាប់ពីមេដៃ)

  • ម្រាមដៃចង្កោង មេដៃទប់ដាក់លើដងស្នូក ធ្វើដូច្នេះទើបម្រាមដៃមានកម្លាំង ។ ប្រើចុងម្រាមដៃចុចទៅលើខ្សែ ទើបអាចរត់លឿន ចន្លោះពីម្រាមដៃមួយទៀត កន្ធែកឃ្លាតពីគ្នាទៅតាមខ្ទង់ ចុងម្រាមកុំឲ្យឃ្លាតពីខ្សែខ្ពស់ពេក គឺប្រហែលតែ ០.៥ ស.ម ទៅ ១ ស.ម បានហើយ ដើម្បីឲ្យយើងអាចចុចសម្លេងផ្សេងទៀតទាន់ពេល ប្រសិនបើយើងលើកចុងម្រាមដៃខ្ពស់ពេក ចម្ងាយឃ្លាតពីខ្សែឆ្ងាយ ពេលយើងចុចសម្លេងផ្សេងទៀតធ្វើឲ្យយឺតពេល ដៃយើងរត់មិនរហ័ស ។
  • ចុចចំពីលើខ្ទង់ធ្វើឲ្យសម្លេងឮខ្ទប់មិនពីរោះ ត្រូវចុចនៅក្បែរខ្ទង់ ឬនៅចន្លោះខ្ទង់វិញ ឮពីរោះជាងមិនឮខ្ទប់ ។

អំពី​តាខេ ឬ​តៈខេ

Standard

តាខេ ឬតៈខេ (Takhe) គឺជាគ្រឿងភ្លេងបុរាណមួយស្ថិតនៅក្នុងប្រភេទឧបករណ៍ដែលមានខ្សែ មានការអភិវឌ្ឍន៍ និងមានលក្ខណៈទំនើបជាងឧបករណ៍តន្ត្រីបុរាណផ្សេងៗទៀត ។ តាខេ ឬតៈខេនេះបានវិវឌ្ឍមកពីឧបករណ៍ចាប៉ីដងវែង បើយើងប្រៀបធៀបឧបករណ៍តាខេ ឬតៈខេ និងឧបករណ៍ចាប៉ីដងវែង ឃើញថាមានលក្ខណៈស្រដៀងគ្នា តាំងពីខ្សែប្រគៀន ខ្ទង់ក៏មានចំនួនស្មើគ្នាដែរ ។

តាខេ គឺជាឧបករណ៍តន្ត្រីបុរាណមួយដែលមានលក្ខណៈជឿនលឿន សម្រាប់បច្ចេកទេសសម្ដែងបទភ្លេង ។ គេអាចប្រើប្រាស់សំនៀងតាខេបានច្រើនជាងសំនៀងចាប៉ី ក្នុងការប្រគំបទភ្លេងទូទៅ ដូចជា បទភ្លេងការ បទភ្លេងអាយ៉ៃ បទចាប៉ី និងបទភ្លេងផ្សេងៗទៀតទៅតាមកម្រិតទេពកោសល្យរបស់តន្ត្រីករម្នាក់ៗ ។

ឧបករណ៍តាខេនេះមានពីរប្រភេទ ៖

  1. តាខេឯក ៖ មានតួប្រវែងប្រហែល ១.៣០ ម មានសាច់ក្រាស់ និងដើរផ្លូវញឹកជាងតាខេធុង ។ សូរខ្ពស់ជាង ១ តានអស្ដា ។
  2. តាខេធុង ៖ មានតួទំហំធំជាងតាខេឯក មានប្រវែងប្រហែល ១.៥០ ម ។ តួធុងមានសាច់ស្ដើងជាងតាខេឯក ដើម្បីឲ្យមានសូរធំ ផ្លូវដើរលេងដូចរនាតធុង ។ សូរទាបជាងតាខេឯក ១ តាន អស្ដា (អុកតាវ) ។ (Octave)

រូបផ្គុំតាខេ ឬតៈខេ

Standard

រូបផ្គុំតាខេ ឬតៈខេ

 

  1. តួធុង ឬស្នូកតាខេ ៖ គឺជាប្រអប់សម្លេង មានរាងបួនជ្រុងទ្រវែង ក្បាលមូល ខ្លួនរាងរីក បាតធុង ឬត្រង់ពោះ គេចោះប្រហោងសម្លេង នៅក្បាលធុងគេចោះរន្ធ ៣ សម្រាប់ដាក់ព្រលួត ។ តួធុង ឬស្នូកតាខេនេះធ្វើអំពីឈើខ្លឹម ជាពិសេសខ្លឹមដើមខ្នុរ ពីព្រោះវាស្រាល មាំគួរសម និងឮសម្លេងពីរោះល្អជាងឈើដទៃទៀត ។
  2. ជើងតាខេ ឬតៈខេ ៖ សម្រាប់ទ្រតួធុង មានចំនួនបី ឬប្រាំ គឺត្រង់ខ្លួន ចំនួន ២ ឬ ៤ នៅត្រង់ក្បាលចំនួន ១ ។ មានកម្ពស់ប្រវែង ១០ ស.ម ទៅ ១២ ស.ម ធ្វើអំពីឈើខ្លឹមដូចជាបេង នាងនួន … គេក្រឡឹងជាក្បាច់ខ្លះ គេស្រោបភ្លុក ឬឆ្អឹង (គោ ក្របី…) ទៀតតាមចំណង់ចំណូលចិត្ត និងលទ្ធភាព ។
  3. ខ្ទង់តាខេ ឬតៈខេ ៖ សម្រាប់ចែកសូរតាមលំដាប់លំដោយ ទាបខ្ពស់ មានចំនួន ១២ ធ្វើអំពីឆ្អឹង ឬឈើនាងនួន ។ ជួនកាលគេបិតខ្នងឫស្សីកម្រាស់ប្រហែល ០.៥ ស.ម ពីលើខ្ទង់ កុំឲ្យឆាប់សឹកក្រហូងនៅពេលគេចុចប៉ះទង្គិចខ្សែច្រើនដងទៅ ។ ជើងខ្ទង់គេច្រើនចោះប្រហោង និងចោះរុន្ធសម្រាប់ស៊កខ្សែ (នីឡុង) តូចមួយពីខ្ទង់មួយទៅខ្ទង់មួយ ដើម្បីកុំឲ្យច្រឡំខ្ទង់គ្នា នៅពេលកាច់ខ្ទង់ធៀបសម្លេងជាឧបករណ៍ផ្សេងៗ ដែលគេប្រគុំជាមួយ និងកុំឲ្យជ្រុះបាត់នៅពេលគេដឹកជញ្ជូនវាពីកន្លែងមួយទៅកន្លែងមួយ បច្ចុប្បន្នគេច្រើនបិតខ្ទង់ជាប់នឹងតួធុង ដោយប្រើជ័រកៅស៊ូថ្នល់ ពីព្រោះងាយស្រួលកាច់ខ្ទង់ធៀបតាមសម្លេងឧបករណ៍ផ្សេងៗ ឧបករណ៍ភ្លេងនីមួយៗ មានការធៀបសម្លេងខុសគ្នាបន្តិចបន្តួច មិនទាន់មានការឯកភាពគ្នានៅឡើយទេ ។
  4. ព្រលួតតាខេ ៖ សម្រាប់មួលបន្តឹង ឬបន្ធូរខ្សែសម្លេង ។ ធ្វើអំពីឆ្អឹង ភ្លុក ឈើនាងនួន ឬឈើស្រោបឆ្អឹង ភ្លុក ដោយក្រឡឹងជាក្បាច់ ។ មានចំនួន ៣ មានទីតាំងនៅក្បាលតាខេ ។
  5. ប្រកៀន ឬព្រះធរណីតាខេ ៖ ជាទម្រសម្រាប់ទ្រខ្សែនៅខាងក្បាលតាខេ ។ ធ្វើអំពីឈើ ឆ្អឹង ឬភ្លុកឆ្លាក់ជាក្បាច់ ។
  6. គីង្គក់ ឬក្រាញ់ ៖ ជាប្រអប់កល់ខ្សែ ជាមួយខ្នងឫស្សីតូចមួយប៉ុនជើងធូបពុះជាពីរ ដើម្បីឲ្យសម្លេងកាន់តែឮ និងពីរោះថែមទៀត ខ្នងឫស្សីតូចនេះគេអាចរំកិលចុះឡើង ធ្វើយ៉ាងណានៅពេលគេកេះខ្សែនោះវាកិបទៅនឹងប្រអប់ (គីង្គក់ ឫក្រាញ់) ខ្ទរសម្លេងឮពីរោះ ។ គង្គក់ ឬក្រាញ់ធ្វើអំពីបន្ទះស្ពាន់ (ស្ពាន់រស់) ឬបន្ទះដែករស់កម្រាស់បន្ទះស្ដើង ១ ម.ម ឬ ០.៨ មម ។
  7. ប្រដាប់ចងខ្សែនៅកន្ទុយតាខេ ។
  8. ខ្សែ ៖ មាន ៣ គឺ ខ្សែទី១ ហៅថាខ្សែឯក ខ្សែទី២ ហៅ ខ្សែគ និងខ្សែទី៣ ហៅថាខ្សែបន្ទរ ។ ខ្សែទី ១ និងខ្សែទី២ ធ្វើអំពីនីឡុង ពីបុរាណគេធ្វើដោយសរសៃសត្វ (សរសៃសូត្រ) ចំណែកឯខ្សែទី៣ ធ្វើអំពីស្ពាន់ ឬដែក (សព្វថ្ងៃគេយកខ្សែទី៣ហ្គីតាបាសមកដាក់មកដាក់ធ្វើខ្សែទី៣តាខេ (ខ្សែបន្ទរ) ។

រូបរាងតាខេ ឬតៈខេ

Standard

តាខេមានរូបរាងដូចសត្វក្រពើ ហើយពាក្យថា «តាខេ ឬតៈខេ» មានន័យថា «ក្រពើ» ។ កាលពីសម័យបុរាណខ្មែរយើងបានធ្វើឧបករណ៍នេះមានរូបរាងស្ទើរដូចសត្វក្រពើទាំងស្រុង គឺបានឆ្លាក់ក្បាលតាខេ ឬតៈខេនេះជារូបរាងក្រពើហាមាត់មានធ្មេញ ភ្នែក … ។ តែដល់ពេលក្រោយៗមក កាលៈទេសៈបានបង្ខំឲ្យខ្មែរបោះបង់ចោលការច្នៃប្រឌិតក្បាច់ចម្លាក់រូបភាពផ្សេងៗ នៅលើឧបករណ៍តាខេ ក៏បានធ្វើឧបករណ៍តាខេ ឬតៈខេមានរូបរាងធម្មតាដូចសព្វថ្ងៃនេះ ។